ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាតឱ្យប្រេីប្រាស់ជាសាធារណ: រង់ចាំដល់ថ្ងៃទី១ តុលា
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាត ឱ្យប្រេីប្រាស់ជាសាធារណៈ រង់ចាំដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ទេីបអាចប្រេីប្រាស់បាន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៦ កញ្ញា នេះ បានបញ្ជាក់ថា “សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាត ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ តុលា ២០២២ ទេីបអាចប្រេីប្រាស់បាន។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ សូមបេីកបរដោយសុវត្ថិភាព "។
សូមរំលឹកថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។
ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។
ជាងនេះទៅទៀត ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។
លេីសពីនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕EB