រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការថែរក្សា និងការពារសណ្ដាប់ធ្នាប់សាធារណៈសង្គម
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយកងកម្លាំងមានសមត្ថកិច្ច ពិសេសនៅតាមគោលដៅដែលពួកគេឈរជើង បើទោះបីនេះជាវិស័យឯកជនក៏ពិតមែន។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសន្ដិសុខឯកជន ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់នេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «សន្ដិសុខឯកជន នោះក៏សំខាន់ដែរ ឥលូវនៅតាមបុរីជាដើមមានសុវត្ថិភាពដោយសារសន្ដិសុខឯកជន។ កន្លងទៅនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ យើងមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងនេះជាចំណុចល្អ សូមមេត្ដាបន្ដយកចិត្តទុកដាក់។ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានជួយសហការបណ្ដុះបណ្ដាលនេះល្អណាស់»។
បើតាមការអះអាងរបស់ សម្ដេចក្រឡាហោម ស ខេង, ដើម្បីឲ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពគ្រប់គ្រាន់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្ដបណ្ដុះបណ្ដាលភ្នាក់ងារសន្ដិសុខឯកជន តាមអ្វីដែលធ្លាប់អនុវត្តកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕EB