យោងតាមមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថាក្រុមការងារសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញនៅផ្សារប្រសូត្រស្ថិតក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនៅផ្សារប្រសូត្រនេះ មន្ត្រីជំនាញបានពិនិត្យមើលគ្រឿងឧបភោគបរិភោគដែលដាក់លក់តាមស្តង់ក្នុងផ្សារដោយបាន ប្រើប្រាស់ឧបករណ៍ធ្វើTest Kits បឋមលើម្ហូបអាហារចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៦មុខមានដូចជា៖ ត្រីខ២០កំប៉ុងស្មើនឹង២០គីឡូក្រាម,ទឹកក្រូចម៉ាកXLចំនួន៤កេស,ម្ទេសឆារចំនួន២០កំប៉ុង,បឺរចំនួន១៥កំប៉ុង, សាតេចំនួន១០កំប៉ុងនិងគុយទាវសរសៃធំ៥គីឡូក្រាមមានសារធាតុបូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ.។
លោកបានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនឹងចុះពិនិត្យមុខទំនិញឲ្យបានដូចភ្លៀងរលឹមដើម្បីស្វែងរកសារធាតុហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព និងស្នើឲ្យអាជីវករចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ប្រភេទនៅតាមទីផ្សារក្នុងខេត្តបន្តទៀតផងដែរ៕SP