ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះពានរង្វាន់សម្តេចក្រឡាហោមស ខេង ឆ្នាំ២០២០ បញ្ចប់ដោយជោគជ័យ
ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ នៅមណ្ឈមណ្ឌលកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ដំណើរប្រកួតតាំងពីថ្ងៃទី២៣កក្កដា កន្លងមក។
លោក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏រីករាយដែរ ដែលឃើញ កីឡាក្រសួងមហាផ្ទៃមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយការរីកចម្រើនេះមិនអាចកាត់ផ្តាច់បានពីការរួបរួមសាមគ្គី ភាពរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់។
លោកបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លឹបនានាបន្តការប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជែងបានមេ ដាយពីលើឆាកអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះលទ្ធផលជ័យលាភីរួមមាន៖ ប្រភេទកីឡាតេក្វាន់ដូ WT ចំណាត់ថ្នាក់លេខ១ ក្លឹបកីឡាក្រសួងមហាផ្ទៃ មេដាមាស៣ ប្រាក់២ សំរឹទ្ធ១។ លេខ២ ក្លឹប Freedom មេដាយប្រាក់១ និងលេខ៣ ក្លឹបហូសាណា មេដាយសំរឹទ្ធ២គ្រឿង។ ជ័យលាភីលើប្រភេទកីឡា យូដូ លើវិញ្ញា៥៧គីឡូក្រាមនារី ក្លឹបក្រសួងមហាផ្ទៃ, វិញ្ញាសា ៧៣គីឡូក្រាម-បុរស បានទៅលើក្លឹបក្រសួងមហាផ្ទៃ ដូចៗគ្នា។ ក្រៅពីនេះ ក៏មានជ័យលាភីមួយចំនួនទៀត រួមទាំងប្រភេទកីឡាការ៉ាតេដែលមាន៤វិញ្ញាសាផងដែរ៕SP