កម្មករនិយោជិត ស៊ីនទ្រី ចូលធ្វើការ ប្រមូលសំរាមជាធម្មតាឡើងវិញ ចាប់ពីរសៀលថ្ងៃទី៧តុលានេះ តទៅ
ទីបំផុតទៅ កម្មករនិយោជិតជាង ២០០០នាក់ របស់ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បានយល់ព្រមចូលធ្វើការងារជាធម្មតាវិញហើយ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ រាល់ការទាមទារទាំងអស់របស់បុគ្គលិកកម្មករនិយោជិតស៊ីនទ្រី គឺរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានារ៉ាប់រងទាំងស្រុង។
ការចរចារឯកភាពគ្នានេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចូលរួមដោយអភិបាលរងរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដោះស្រាយបាតុកម្ម ( គ.ក.ប ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងបរិស្ថាន នាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ នាយកក្រុមហ៊ុនស៊ីនទ្រី និងប្រធានសហជីព ប្រចាំក្រុមហ៊ុន ស៊ីនទ្រី។
បងប្អូនកម្មករនិយោជិត ក្រុមហ៊ុន ប្រមូលសំរាម ស៊ីនទ្រី សរុបចំនួន ២១៥០នាក់ បានប្រមូលផ្តុំគ្នា ធ្វើកូដកម្ម នៅមុខទីតាំងយានដ្ឋានក្រុមហ៊ុន ស៊ីនទ្រី ចាប់ពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
ប៉ុន្តែឆ្លងតាមកិច្ចប្រជុំពិភាក្សាដោះស្រាយជាមួយម្ចាស់ក្រុមហ៊ុន និងកម្មករនិយោជិត តំណាងប្រតិភូបុគ្គលិក និងសហជីព ដោយមានការសម្របសម្រួលពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីភ្នំពេញ រួចមក នៅព្រឹកថ្ងៃទី៧តុលានេះ អង្គប្រជុំ ទទួលបានលទ្ធផល ដូចខាងក្រោម៖
១-ចំពោះសំណើរបស់បងប្អូនកម្មករនិយោជិត ទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។
២-ចំពោះការងាររបស់បងប្អូនកម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។
៣-សូមឲ្យបងប្អូនកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះតទៅ៕SP