ប្រវត្តិ និងអត្ថន័យនៃទិវាកុមារអន្តរជាតិ
ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី០១ មិថុនា។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។
មនុស្សជាតិលើកសកលលោកចងចាំឥតភ្លេចនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នងរបស់ពួកហ្វាស៊ីសនៅថ្ងៃទី ១០ មិថុនា ឆ្នាំ១៩៤២ ដែលបានសម្លាប់ប្រជាជនភូមិ លីឌីស៊ែ នៃសាធារណរដ្ឋឆែក ចំនួន១៩២នាក់ នៅក្នុងកសិដ្ឋានអូរ៉ាក ដែលក្នុងនោះមានកុមារ១០៥នាក់ត្រូវយកទៅសម្លាប់។
ក្រោយមកនៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ ពូកឧក្រិដ្ឋកម្មហ្វាស៊ីសបានចាប់មនុស្ស១,១០០នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ ត្រូវចាក់សាំងដុតកម្ទេចទាំងរស់ នៅអូរ៉ាឌូប្រទេសបារាំង។
ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃរបស់ពួកហ្វាស៊ីសហ៊ីត្លែរចំពោះប្រជាជន ពិសេសកុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឲ្យមនុស្សជាតិតក់ស្លុត ថ្កោលទោស និងចងចាំជាប់ជានិច្ច។
វិនាសកម្មទាំងនេះហើយទើបធ្វើឲ្យកងកម្លាំងស្នេហាសន្តិភាព និងមិត្តភាពរវាងប្រជាជាតិ និងមនុស្សគ្រប់ពណ៌សម្បុររួបរួមគ្នាក្រោកឈរឡើង ហើយធ្វើការអំពាវនាវ ដើម្បីប្រឆាំងរាល់ទង្វើដែលនាំឲ្យអន្តរាយដល់អាយុជីវិតមនុស្សជាតិ លើសពីនេះទៀតដើម្បីការពារជីវិត សន្តិសុខ និងគាំពារដល់កុមារនៅលើផែនដី។
ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ នៅឆ្នាំ១៩៤៥ សហព័ន្ធនារីប្រជាធិបតេយ្យ ពិភពលោក បានបើកសម័យប្រជុំនៅទីក្រុងមូស្គូ ហើយបានមូលមតិគ្នាសម្រេចយកថ្ងៃ ១មិថុនា ជារៀងរាល់ឆ្នាំប្រារព្វ «ទិវាកុមារអន្តរជាតិ» ។
ពីមួយឆ្នាំទៅមួយឆ្នាំ «ទិវាកុមារអន្តរជាតិ» ១មិថុនា បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្តាប្រទេសជាច្រើននៅលើសាកលលោក ហើយសន្និសីទជាច្រើនទៀតត្រូវបានគេប្រារព្វឡើងដើម្បីឧទ្ទិសដល់ការយកចិត្តទុកដាក់ចំពោះកុមារ៕SP