ករណីនាំយកពលករ ឆ្លងដែនទៅប្រទេសថៃមិនស្របច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់៣នាក់ និងពលករចំនួន៤៤នាក់
បាត់ដំបង៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ១ករណី ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុងចំនួន ០២គ្រឿង ដោយមានប្រជាពលរដ្ឋ ជាជនរងគ្រោះក្នុងអំពើនាំចេញនេះចំនួន ៤៤នាក់ ស្រីចំនួន ១០នាក់ អនីតិជនចំនួន ១២នាក់ ហើយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។
មេខ្យល់ទាំង០៣នាក់នោះមាន ១.ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន ២.ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន និង៣.ឈ្មោះ សេង ឈុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។
បច្ចុប្បន្នមេខ្យល់ទាំង០៣នាក់ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕SP