សៀមរាប៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាដំណោះស្រាយសម្រាប់ជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប នឹងប្រមូលពួកគាត់ឲ្យមករស់លើទីតាំងមួយកន្លែងដែលបានត្រៀមទុក នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយនេះ ដែលខាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ នឹងសង់កន្លែងស្នាក់នៅឲ្យពួកគាត់ រៀបចំប្រព័ន្ធទឹក ដែលអាចឲ្យពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន ប៉ុន្តែមិនមែនចែកដីឲ្យពួកគាត់ទេ តែឲ្យគាត់ស្នាក់នៅ ហើយសហការជាមួយសហគមន៍ ឲ្យគាត់ដាំបន្លែ ចិញ្ចឹមសត្វ នៅទីនេះ ។ 


លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀត តាមរយៈនៃការបង្កើតមុខរបរសម្រាប់ជនអនាថា អ្នកសុំទាន យើងរំពឹងថា ពួកគាត់ នឹងទទួលបានផលច្រើនពីទីតាំងថ្មីនេះ ព្រោះនៅពេលបញ្ចប់វិបត្តិកូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវសម្រាប់សម្រួលចរាចរណ៍ដល់អ្នកមកកម្សាន្តផងដែរ  ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីអ្នកទេសចរទាំងនោះបាន ។


សូមបញ្ជាក់ថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រាន្តរយនេះ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩.១០៤ហិកតា ជាតំបន់ដែលមានសក្ដានុពលជាខ្លាំងលើវិស័យទេសចរណ៍ ដោយសារតែមានព្រៃឈើធម្មជាតិតូចធំ និងមានកន្លែងសម្រាប់ទស្សនាជាច្រើន ដូចជា ទឹកធ្លាក់ចង្ក្រានរយ ,  ភ្នំចង្ក្រានរយ , ពើងច័ន្ទក្រហម , ពើងម្នាស់ , រូងប្រចៀវ ។ល។ រួមទាំងកន្លែងមើលសត្វព្រៃ ដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅដូចជាប្រភេទសត្វស្លាប,សត្វចតុបាត និង ប្រភេទសត្វល្មូន ខណៈដែលសត្វខ្លះ នៅក្នុងពិភពលោកក្រៅពីតំបន់នេះ គឺគ្មានសត្វប្រភេទនេះទេ  ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ