សម្ដេចក្រឡាហោម ស ខេង នឹងចាត់វិធានការចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ណា ចំណាយថវិកានៅកន្លែងកើតហេតុហើយ រួចខ្លួន
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរផ្លូវគោក (គ.ស.ច.គ) បានប្រកាសមិនគាំទ្រ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ណា ចំណាយថវិកាកន្លែងកើតហេតុហើយ រួចខ្លួន។
ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លា ធ្វើឱ្យប្រជាពលរដ្ឋប្រតិកម្មយ៉ាងខ្លាំងចំពោះ ម្ចាស់រថយន្ដបង្កហេតុ។
ក្រោយបញ្ចប់ប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេច មានការសោកស្ដាយចំពោះគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ។ សម្ដេច គិតថា បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋគ្រប់រូបចាំបាច់បញ្ចៀសឱ្យបាននូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះនាំចូលរួមគោរពច្បាប់ចរាចរណ៍។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំ គិតថា មិនមែនជារឿងទូទៅទេ វាអាចថាកន្លែងខ្លះ ជាបុគ្គល ខ្ញុំ ក៏ចង់ព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានាការ ឱ្យបានសមស្របដែរ។ ខ្ញុំ អត់គាំទ្រទេ រឿងចឹង»។
នាឱកាសនោះ សម្ដេច ស ខេង ក៏បានលើកឡើងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ភាគច្រើនមិនកែប្រែខុសពីច្បាប់ចរាចរណ៍ផ្លូវគោកចាស់នោះទេ ប៉ុន្តែដោយសារ តែកន្លងមកមិនទាន់មានផ្លូវល្បឿនលឿន។ ដូច្នេះច្បាប់ថ្មីនេះត្រូវបន្ថែមជំពូកមួយចំនួន ទាក់ទងនិងផ្លូវល្បឿនលឿន នូវចំណុចពិសេសផ្នែកបច្ចេកទេសទាក់ទងនិងសុវត្ថិភាពចរាចរណ៍មួយចំនួនទៀត។
ទាក់ទិននឹងការផាកពិន័យចំពោះអ្នកបើកបរដោយប្រើគ្រឿងស្រវឹង គ្រឿងញៀនគឺទុក ឲ្យក្រសួងយុត្តិធម៌ជាអ្នកសិក្សាសម្រេច។ សម្តេច បញ្ជាក់ថា «ចំពោះការផាកពិន័យ ខ្ញុំគិតថា ទុកឱ្យក្រសួងយុត្តិធម៌ជាអ្នកសិក្សា ដើម្បីកំណត់ឱ្យមានស្តង់ដារបស់វា ប៉ុន្តែអ្វីដែលខ្ញុំ បញ្ជាក់អ្វីដែលយើងកំណត់សំខាន់ គឺយើងដាក់សារធាតុញៀនជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រលឹកទេ»៕