ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់អាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ទាំងអស់ បញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ឬឯកសារឆ្លងដែនមិនប្រក្រតី ជាដើម។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ដើម្បីពង្រឹងរបៀបរបបការងារ និងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ជាពិសេស ដើម្បីពង្រឹងការគ្រប់គ្រងការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ ឱ្យមានប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ទាំងអស់ ត្រូវអនុវត្តកិច្ចការចាំបាច់មួយចំនួនដូចជា៖ ណែនាំអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្ដោះអាសន្ន ឬឯកសារឆ្លងដែនមិនប្រក្រតី ដែលខុសពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេស ទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥»។

សម្ដេចក្រឡាហោម បន្ដថា ត្រូវជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ការធ្វើដំណើរ ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និង ការពារបាននូវប្រយោជន៍ស្របច្បាប់។ ទន្ទឹមនេះ ត្រូវធ្វើការសម្របសម្រួលដល់ការ ចេញ-ចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេស ទាំងពីរ ព្រមទាំងទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ អនុលោមតាមស្មារតីកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម បន្ថែមថា ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណព្រំដែន និងជំរុញឱ្យពួកគាត់មកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន កម្ពុជា-ថៃ ដោយផ្ទាល់នៅអង្គភាពច្រកចេញ-ចូលតែមួយដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំងផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋបាលខេត្តសាមី។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី លើកឡើងថា ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីលទ្ធផលវឌ្ឍនភាពនៃការអនុវត្តការងារ ផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរនានា ជូនមកក្រសួងមហាផ្ទៃជារៀងរាល់ខែ ដើម្បីមានវិធានការដោះស្រាយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ