ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ទិវាជាតិនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យ សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់។
គួរបញ្ជាក់ថា ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៩ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដូចជា៖ បង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជា, ជាការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស, ផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ។ ទាំងនេះជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពតាមការគ្រោងទុក៕