ភ្នំពេញ ៖ លោក ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា គឺជាដៃគូរដ៏សំខាន់ ក្នុងការទទួលជំនួយពី ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ហើយឆ្នាំ២០២២នេះ កម្ពុជាទទួលបានជំនួយ ១៥០លានដុល្លារកូរ៉េ។

ក្នុងពិធីប្រគល់-ទទួល អំណោយឱសថ និងបរិក្ខារពេទ្យរបស់ អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជូនព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោក ផាក ហឹងខ្យឹង បានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេវិស័យអភិវឌ្ឍន៍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ។

លោក បញ្ជាក់ថា «ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺប្រទេសកម្ពុជាជាដៃគូរដ៏សំខាន់ក្នុងការទទួលបានជំនួយ ODA ដែលក្នុងឆ្នាំនេះប្រទេសកម្ពុជាបានទទួលជំនួយ១៥០លានដុល្លារពីសាធារណរដ្ឋកូរ៉េ។ ក្នុងនោះ  មានអង្គការសង្គមស៊ីវិលចំនួន ១៧របស់កូរ៉េដែលកំពុងធ្វើសកម្មភាពលើវិស័យជាច្រើននៅប្រទេសកម្ពុជា ជាពិសេសអង្គការសង្គមស៊ីវិលក្នុងវិស័យអប់រំជាវិស័យមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាប្រទេសទាំងពីរ»។ 

លោកទូត បន្ដថា ប្រទេសកូរ៉េជាប្រទេសដែលបានផ្តល់ជំនួយដល់ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ជំនួយទាំងអស់នោះមានគោលដៅសម្រាប់កាត់បន្ថយភាពក្រីក្រ រួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសជាមិត្ត ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។

នាឱកាសនោះ លោក ម៉ម  ប៊ុននាង  ប្រធានគណៈកម្មការទី១០ និងអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-កូរ៉េ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជាជាមួយអង្គការចែករំលែកសង្គ្រោះអាយុជីវិតសកល ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ ជាដើម៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ