សម្ដេចតេជោ ៖ យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម មានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងទស្សនវិស័យវែងឆ្ងាយ ប្រកបដោយថាមពល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា យុវជនកម្ពុជាបច្ចុប្បន្ន ជាធនធានដ៏ធំសម្បើម មានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗផងដែរ។
តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្អែកលើទិដ្ឋភាពប្រជាសាស្ត្រដែលជាលទ្ធផលនៃជំរឿនទូទៅឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបាននូវកត្តាអំណោយផល ដោយប្រជាជនក្រោមអាយុ១៤ឆ្នាំ មាន ២៩,៤ភាគរយ និងប្រជាជនអាយុចន្លោះ១៥ ដល់៥៩ឆ្នាំ មានចំនួន ៦១,៧ភាគរយ។
សម្ដចតេជោ បន្ដថា លក្ខណៈពិសេសនៃកត្តាប្រជាសាស្ត្រនេះបានក្លាយជាភាគលាភ ដែលប្រទេសកម្ពុជាអាចទាញយកសក្តានុពលនៃប្រជាសាស្ត្រវ័យក្មេង ដើម្បីឈានទៅសម្រេច បានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ បន្ថែមថា ការណ៍នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ នេះ ដើម្បីលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ តាមរយៈការ អប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធ និងរបកគំហើញថ្មីៗ បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ លើគ្រប់វិស័យ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «យុវជនកម្ពុជាបច្ចុប្បន្នជាធនធានដ៏ធំសម្បើម ដែលមានគំនិតច្នៃប្រឌិត ភាពប៉ិនប្រសប់ និងមានទស្សនវិស័យវែងឆ្ងាយប្រកបដោយថាមពល និងមានមហិច្ឆតាក្នុងការទទួលបានចំណេះដឹងថ្មីៗ ក្លាហានជឿជាក់ថា ខ្លួនអាចធ្វើបាន ប៉ុន្តែយុវជនមិនទាន់បានប្រើប្រាស់ធនធានរបស់ខ្លួនឲ្យអស់លទ្ធភាពនៅឡើយទេ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ»។
សម្ដេចតេជោ បញ្ជាក់ទៀតថា យុវជនកម្ពុជាបច្ចុប្បន្នមិនត្រឹមតែបានទទួលការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ត្រូវបានការពារដោយច្បាប់ជាតិ និងការពារក្រោមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ