ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកត់សម្គាល់ផងដែរអំពីកំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
លោករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថាការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។
ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDPកំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។
លោក បានបន្ថែមថាដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ