ក្រសួងមហាផ្ទៃ ចេញបទបញ្ជាឲ្យរដ្ឋបាលក្រុងកំពង់ចាម បញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ពុំមានកំណត់ក្នុងប្រកាសអន្ដរក្រសួង
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យរដ្ឋបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ដែលពុំមានកំណត់ក្នុងប្រកាសអន្ដរក្រសួង។
ថ្មីៗនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចុះទៅពិនិត្យមើលការផ្តល់សេវារដ្ឋបាលនៅការិយាល័យ ច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជាលទ្ធផល ក្រុមការងាររបស់ក្រសួងមហាផ្ទៃ បានរកឃើញថា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម មិនទាន់បានអនុវត្តឲ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយនៅឡើយ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ មេសា បានឲ្យដឹងថា ដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តកំពង់ចាម ធ្វើការណែនាំដល់រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម លើចំណុចមួយចំនួន ដូចជា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវប្រមូលផ្ដុំសេវារដ្ឋបាលទាំងអស់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឲ្យមកអនុវត្តតាមការិយាល័យច្រកចេញចូលតែមួយ។
ក្រសួង បន្ដថា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ បុគ្គលិករបស់រដ្ឋបាលស្រុក និងរដ្ឋបាលក្រុង ព្រមទាំងប្រធាន ការិយាល័យប្រជាពលរដ្ឋឲ្យបានទៀងទាត់ និងត្រឹមត្រូវ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។
ក្រសួង បញ្ជាក់ថា «រដ្ឋបាលក្រុងកំពង់ចាម ត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ដែលពុំមានកំណត់នៅក្នុងប្រកាសអន្តរក្រសួង។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុងត្រូវលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីរៀបចំបង្កើតប្រភេទសេវាថ្មី ដែលមានតម្រូវការចាំបាច់នៅមូលដ្ឋាន»។
លើសពីនេះទៀត ក្រសួងមហាផ្ទៃ ក៏បានណែនាំបន្ថែមទៀតដល់ រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវរៀបចំក្រុមការងារចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្ម សេវាកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទៀងទាត់ និងជំរុញប្រជាពលរដ្ឋឲ្យមកស្នើសុំសេវារដ្ឋបាលទៅតាមប្រភេទអាជីវកម្ម សេវាកម្មនីមួយៗ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ