អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកុដិឈើពីរខ្នងនៅក្នុងវត្តព្រះព្រហ្មរ័ត្ន ខណៈសព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង
ខេត្តសៀមរាប៖វត្តព្រះព្រហ្មរ័ត្នជាអារាមមួយដ៏ចំណាស់ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ផ្នែកខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងអារាមមួយនេះ មានសំណង់កុដិឈើពីរខ្នងសង់ខ្ពស់ផុតពីដី ដំបូលប្រក់ក្បឿង ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយទៀតជាទម្រង់កុដិប៉ិត។ ស្ថាបត្យកម្មទាំងពីរនេះត្រូវបានសាងសង់ក្នុងដំណាក់កាលពីរផ្សេងគ្នា កុដិដែលមានដំបូលខ្មែរ ឬកឹងត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សឆ្នាំ១៩៤០ ហើយកុដិដែលមានដំបូលប៉ិតត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្ស១៩៥០។
ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្មមួយនេះ។
សំណង់ទាំងពីរនេះ សព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយហេតុអាយុកាលផង គុណភាពនៃសំណង់មួយផ្នែកផង និងមានការបំផ្លាញដោយសត្វល្អិតផង។ទោះបីជាសំណង់ឈើនេះមានសភាពទ្រុឌទ្រោមយ៉ាងណា ដោយស្មារតីចង់រក្សាឱ្យបាននូវគុណតម្លៃនៃស្ថាបត្យកម្មមួយនេះ អ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា នឹងខិតខំប្រឹងប្រែងក្នុងការសង្រ្គោះសំណង់ឈើនេះ ដោយប្រើបច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ធ្វើយ៉ាងណាឱ្យសំណង់នេះស្ថិតស្ថេរតទៅមុខទៀត ព្រោះថា ការបាត់បង់នូវសំណង់ឈើមួយនេះ មិនត្រឹមតែបាត់បង់នូវរូបរាងនៃសំណង់នោះទេ គឺថាបច្ចេកទេសនៃការសាងសង់សំណង់ឈើ ដូចជាការភ្ជាប់គ្រឿងបង្គុំ រវាងឈើនិងឈើ ភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ជំនឿ ទំនៀមទំលាប់មួយចំនួ
នទៀត ដែលទាំងនេះត្រូវបានស្តែងឡើងតាមរយៈសំណង់ឈើនេះ នឹងត្រូវបាត់បង់ទៅជាមួយជាក់ជាពុំខាន។
អាជ្ញាធរជាតិអប្សរាជឿជាក់យ៉ាងមុតមាំថា សំណង់ឈើមួយនេះក្រោយពីការជួសជុលរួចរាល់ នឹងបានបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត នឹងរក្សាបាននូវគុណតម្លៃដូចបានជម្រាបជូនខាងលើ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សារៀនសូត្រដល់អ្នកដែលមានបំណងស្វែងយល់នៃសំណង់ឈើជាក់ជាពុំខាន។ ម្យ៉ាងទៀតក៏ជាចំណែកមួយដ៏សំខាន់ក្នុងការ រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ