នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ជំម្លោះរវាង អ៊ុយក្រែន-រុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជំម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល។
សម្ដេចតេជោ លើកឡើងបែបនេះ ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ជាង ១លានដូស ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រាជរដ្ឋាភិបាល ក៏បាននិងកំពុងតាមដានការវិវត្តនៃជំម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល»។
បន្ថែមលើនេះ សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជា បញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន គាំពារសង្គម និងភាពក្រីក្រ ជាដើម។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជាមួយភាពបុរេសនិង ចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល មិនដែលបានបន្ថយ ល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ ។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅ ស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ