ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឲ្យមន្រ្តីជំនាញពាក់ព័ន្ធដូចជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំ និងពិភាក្សាគ្នា ដើម្បីដកចេញវិធានការកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្ដែតម្រូវឲ្យពាក់ម៉ាសនៅកន្លែងបិទជិតផងដែរ។

ក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ជាង ១លានដូស ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្លាំងគ្រប់ផ្នៃក ធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋខ្មែរទៅចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ព្រោះជាកាតព្វកិច្ច ខណៈនៅសល់ពលរដ្ឋជាង ៦លាននាក់ទៀត មិនទាន់ចាក់វ៉ាក់សាំងដូសទី៣ ហើយក៏មានពលរដ្ឋជាង ១លាននាក់ បានចាក់ដូសទី៤។

សម្ដេចតេជោ រំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល បានដកចេញវិធានការពាក់ម៉ាសនៅខេត្តចំនួន៤ ។ សម្ដេចតេជោ បន្ថែមថា ការពាក់ម៉ាសតម្រូវឲ្យប្រជាពលរដ្ឋចំណាយយ៉ាងធំ។ សម្ដេច ថា ក្នុងមួយថ្ងៃ នៅទូទាំងប្រទេសសរុបជារួមចំណាយ ១ម៉ឺនដុល្លារ សម្រាប់ទិញម៉ាស ខណៈមួយខែចំណាយ ៣លានដុល្លារ ។

សម្ដេចតេជោ មានប្រសាសបញ្ជាក់ថា «ឥឡូវ ខ្ញុំបានណែនាំឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ ហើយខ្ញុំ ក៏បាននិយាយមុននេះបន្ដិចជាមួយឯកឧត្តម ម៉ម ប៊ុនហេង យប់មិញក៏បាននិយាយជាមួយលោកជំទាវ យក់ សម្បត្តិ ខ្ញុំ ចង់ឲ្យមានការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ ក៏ប៉ុន្ដែតម្រូវឲ្យពាក់ម៉ាសនៅតាមទីកន្លែងដូចជា កន្លែងបិទជិត ជាដើម»។

សម្ដេចតេជោ បន្ដថា ចំណុចទាំងនេះ បានសង្កេតឃើញថា នាពេលពិធីបុណ្យចូលឆ្នាំកន្លងទៅ មានប្រជាពលរដ្ឋយ៉ាងទិចណាស់ ដែលបានពាក់ម៉ាសក្នុងពេលលេងកម្សាន្ដ។ សម្ដេច ថា នៅទីរួមខេត្តតាកែវ និងកំពង់ចាម មានការប្រគុំតម្ដ្រីហើយក្នុងចំណោម ១ពាន់នាក់ ប្រហែល២ ឬ ៣នាក់ប៉ុណ្ណោះ បានពាក់ម៉ាស ហើយពុំមានការរក្សាគន្លតនោះទេ។ សម្ដេច ថា បញ្ហាទាំងនេះ មិនត្រូវមើលបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលបញ្ហាសេដ្ឋកិច្ចសង្គម ផងដែរ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបច្ចេកទេសវិស័យសុខាភិបាល កុំមើលឃើញតែមួយជ្រុងនៃបញ្ហាសុខភាព ត្រូវមើលឃើញវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជា បញ្ហាចិត្តសាស្ដ្រ ជាដើម។ សម្ដេច ថា ប្រទេសមួយចំនួន បានដកចេញវិធានការពាក់ម៉ាស់។ សម្ដេច ក៏រងចាំការប្រជុំនៅល្ងាចនេះ ដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក ម៉ម ប៊ុនហេង។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា តាមគំនិតរបស់ សម្ដេច គឺឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាស នៅតាមទីសារធាណៈ។ ប៉ុន្ដែកន្លែង បិទជិត និងកន្លែងមានម៉ាស៊ីនត្រជាក់ គប្បីតម្រូវឲ្យពាក់ម៉ាស់។ សម្ដេច ការធ្វើបែបនេះ បានកាត់បន្ថយការចំណាយទៅលើគ្រួសារនីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ