ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបុរីជិត ១០០កន្លែង នៅរាជធានីភ្នំពេញ ស្ទើរតែមិនមានសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតទេ ដោយសារតែពេលសាងសង់ ម្ចាស់បុរីមិនបានគិតគូរពីការតភ្ជាប់បណ្តាញនៅក្នុងទីតាំងបុរីរបស់ខ្លួន។ 

ការលើកឡើងដូចនេះ ដោយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើឡើង ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងស្ថាប័នចំនួន៣គឺ ក្រុមហ៊ុនសូហ្វវែរឧស្សាហកម្មឌីជីថលសៀមិនស៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាលាស្ទឹមមីង ខេមបូឌា នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

បញ្ហានេះ លោករដ្ឋមន្ត្រីបា នបញ្ជាក់ថា ក្រសួងកំពុងធ្វើការជាមួយម្ចាស់បុរី ដៃគូពាក់ព័ន្ធ និងប្រតិបត្តិករផ្សេងៗទៀត ដើម្បីជំរុញធ្វើយ៉ាងណាឲ្យបុរីទាំងនោះមានសេវាគ្រប់គ្រាន់ទាំងសេវាទូរស័ព្ទ និងអ៊ីនធឺណិត។

ទោះយ៉ាងណាក៏ដោយ លោក បានអះអាងថា ការងារនេះមិនងាយស្រួលឡើយ ព្រោះនឹងជួបប្រទះនូវបញ្ហាជាច្រើន ហើយបញ្ហានោះគឺ បុរីអត់ដីសម្រាប់សាងសង់បង្គោលអង់តែន ម្ចាស់បុរីមិនចង់សហការ ដោយកន្លែងខ្លះអត់មានចិញ្ចើមថ្នល់ដើម្បីតភ្ជាប់បណ្តាញចូលទៅក្នុងបុរីទៀតផង។ ទាំងអស់នេះសុទ្ធតែជារឿងដែលត្រូវដោះស្រាយ។ ដូច្នេះអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើយ៉ាងណាក្នុងពេល១ឆ្នាំ ២ឆ្នាំ ធ្វើឲ្យសេវាទូរគមនាគមន៍បានល្អប្រើសើរជាងនេះ។

លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ទោះយ៉ាងនេះក៏ដោយក្រសួងនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្រប់តួអង្គទាំងអស់ ជាពិសេសសហគមន៍ធុរកិច្ចឌីជីថល សហគ្រាសធនតូច និងមធ្យម ក្រុមហ៊ុនធុរកិច្ចឌីជីថល និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ចេញនូវវិធានការ និងសកម្មភាពជាក់លាក់ សម្រួល និងគាំទ្រដល់ការចាប់យក និងការធ្វើបដិវត្តន៍កម្មឌីជីថលនៅកម្ពុជា សំដៅចាប់យកនូវកាលានុវត្តនៃការវិវត្តឆាប់រហ័ស នៃបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤(៤.០)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ