ភ្នំពេញ៖ កែវដំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ ដែលដាក់ តំកល់ទុកជា ប្រវត្តិសាស្ត្រ។ក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំពីភាពរីចំរើនរបស់ជាតិ។

អត្ថន័យសំខាន់ៗនៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជា

 ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរនេះមានដូចជា៖

 ទី១៖កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេង មានកម្ពស់ ២៩សង់ទីម៉ែត្រតំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី២៖ ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកម្ពស់ ២០សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

 ទី៤៖ ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជាមកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។


គួរបញ្ជាក់ថា ពិធីប្រគល់ និងទទួលដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា តម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបន្ថែមទៀត៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ