ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញយានយន្តល្មើស និងពិន័យ ចំនួន ២២៣.៨៧៩គ្រឿង ក្នុងនោះ ពិន័យជាប្រាក់ ចំនួន ១៩.៩១១.៨៩៥.០០០រៀល។

យោងតាមរបាយការណ៍បូកសរុបផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ បង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ។

របាយការណ៍ ដដែល បានបញ្ជាក់ថា «ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល»។

ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើង ចំនួន ២.៦៧០លើក បណ្តាលឱ្យស្លាប់ ចំនួន ១.៤៩៧នាក់ និងរបួស ចំនួន ៣.៦១៥នាក់ របួសធ្ងន់ ២.២៤៦នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៤៥នាក់, ខេត្តកណ្តាល ចំនួន ១៤១នាក់ និងខេត្តកំពង់ចាម ចំនួន ៩៦នាក់។

ប្រភព ដដែល បានរៀបរាប់ថា មូលហេតុបណ្តាលឱ្យមានគ្រោះថា្នក់ គឺបើកបរលើសល្បឿនកំណត់៣៨%, មិនគោរពសិទ្ធិ២៤%, មិនប្រកាន់ស្តាំ១៤%, វ៉ាជែង៨%, បត់៨%, ស្រវឹង៤%, កត្តាយានយន្ត៣% និងងងុយ១%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ