ឆ្នាំ២០២២ ! ស៊ីម៉ាក់ មានផែនការបោសសំអាតចម្ការមីន ជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោម ជាង៦០គីឡូម៉ែត្រក្រឡា
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា ឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ មានផែនការសម្រាប់បោសសំអាតចម្ការមីន ជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោម ជាង៦០គីឡូម៉ែត្រក្រឡា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាន នៃអនុសញ្ញាអន្តរជាតិ ស្តីពីការហាមប្រាមការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុកគ្រាប់មីនប្រឆាំងមនុស្ស មានវសនដ្ឋាននៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានប្រាប់លោក Juan Carlos Ruan ថា រាជរដ្ឋាភិបាល ជំរុញភាពជាម្ចាស់លើគ្រប់វិស័យ ដោយរួមទាំងវិស័យមីន ផងដែរ។
លោក បញ្ជាក់ថា អង្គភាពស៊ីម៉ាក់ ជាស្ថាប័នជាតិ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តសកម្មភាពបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនោះ នឹងបន្តខិតខំធ្វើឲ្យបានសម្រាប់អាណត្តិរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាឲ្យកម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៥ ខាងមុខនេះ។
លោក បន្ដថា អង្គភាពស៊ីម៉ាក់ បានផែនការច្បាស់លាស់ ក្នុងការរំដោះតំបន់ចម្ការមីន ដែលមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ ជាង៧០៧គីឡូម៉ែត្រក្រឡាស្មើនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដី និងចំនួនចម្ការមីន នៅសល់នោះត្រឹមចុងឆ្នាំ២០២៥។ លោកថា «ជាក់ស្តែង ឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់ មានផែនការសម្រាប់បោសសំអាតចម្ការមីន ជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោម ជាង៦០គីឡូម៉ែត្រក្រឡា ផងដែរ»។
ទន្ទឹងនឹងនេះ អង្គភាពស៊ីម៉ាក់ បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និងអាមេរិក ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់អង្គភាពស៊ីម៉ាក់ ចាប់ពីពេល ឆ្នាំ២០២២ ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពស៊ីម៉ាក់ អាចរំដោះផ្ទៃដីប្រមាណ៩០% បានសម្រេចតាមផែនការ ដោយសហការជាមួយកងយោធខេមរភូមិន្ទនោះ ប្រតិបត្តិករផ្សេងៗ រួមមាន៖ អង្គការដោះមីនអន្តរជាតិអាចជួយសម្រេចតែ១០% ជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសម្រាប់អាណត្តិរបស់ខ្លួន ស្របតាមអនុសញ្ញាអន្តរជាតិ Ottawa ខានតែបានត្រឹមចុងឆ្នាំ២០២៥។
នាឱកាសនោះ លោក Juan Carlos Ruan បានស្តាប់ និងឃើញសមិទ្ធិផលជាក់ស្តែងសម្រេចបានកន្លងមក លោក មានទំនុកចិត្តចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ដ្រី តែងតែចូលរួមយ៉ាងសកម្មបំផុត និងលះបង់ខ្ពស់ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិ Ottawa នេះ។
លើសពីនេះ លោក ក៏កោតសរសើរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិមួយនេះប្រកបដោយជោគជ័យជាមួយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ទន្ទឹងនឹងក្រុមរបស់លោក ក៏ចង់ដឹងពីបញ្ហាប្រឈម នៃការបោសសំអាតគ្រាប់មីននៅតាមបណ្តោយព្រំដែន នៃប្រទេសជិតខាងកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ