ភ្នំពេញ ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបញ្ចេញប្រាក់ ចំនួន ២២០.០០០ ដុល្លាអាមេរិក ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគីអង្គការសហប្រជាជាតិ នៃថវិកា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ កុម្ភៈ បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្តល់វិភាគទាននេះ ដើម្បីទ្រទ្រង់ដំណើរការរបស់សាលាក្ដីខ្មែរក្រហម»។

រដ្ឋាភិបាលជប៉ុន ផ្ដល់សារៈសំខាន់ទៅលើសាលាក្ដីខ្មែរក្រហម ដោយផ្អែកលើទស្សនៈ ចំនួន៣ រួមមាន ៖ ទី១- ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់ នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញ នៃអំពើឃោឃៅ ដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម ,ទី២-សាលាក្ដីខ្មែរក្រហមនេះនឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលប្រការនេះ នឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ និងទី៣-សាលាក្តីនេះនឹងរួមចំណែកដល់ការពង្រឹង នីតិរដ្ឋនៅកម្ពុជា ក៏ដូចជានៅសហគមន៍អន្តរជាតិផងដែរ។

រដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សម្រាប់តុលាការនេះ ចំនួន ៨៨,៧លានដុល្លាអាមេរិក ដោយគិតរួមទាំងការបញ្ចេញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង ២៧%នៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិនៃ អ.វ.ត.ក។ 

លើសពីនេះទៅទៀត ប្រទេសជប៉ុន រួមជាមួយ ប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃមិត្តរបស់ អ.វ.ត.ក បានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ