ភ្នំពេញ៖ ក្រោយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ប្រកាសត្រៀមធ្វើបាតុកម្ម ប្រឆាំងវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននៅឆ្នាំ២០២២ សម្រាប់ដំណើរចូលរួមប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងខែមីនា ខាងមុខនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ស្មើនឹងធ្វើបាតុកម្មប្រឆាំងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែរ ។

ការធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ស្មើនឹងប្រឆាំងលោក បៃដិន នេះ ព្រោះលោក បៃដិន បានអញ្ជើញសម្តេច ឲ្យចូលរួមប្រជុំដោយផ្ទាល់ ។ នេះបើតាមឲ្យដឹងពីលោក សុខ ឥសាន ដដែល ។

តាមរយៈបណ្តាញសង្គមតេឡេក្រាម នាថ្ងៃ៧ កុម្ភៈ លោក សុខ ឥសាន បានលើកឡើងថា «ខ្មែរនៅអាមេរិកមួយចំនួនចង់តាំង ខ្លួនជាមេកើយលោក បៃដិន ទើបលោក បៃដិន អញ្ជើញ សម្តេចតេជោ ទៅអាមេរិក បែរជាឯងចង់នាំគ្នាធ្វើបាតកម្មប្រឆាំង។ បើធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ស្មើប្រឆាំងលោកបៃដិន ព្រោះ សម្តេចតេជោ ទៅសរដ្ឋអាមេរិកលើកនេះ គឺជាភ្ញៀវរបស់ លោកប្រធានាធិបតី ចូ បៃដិន។ បើជាភ្ញៀវកិត្តិយស តើសហរដ្ឋអាមេរិក នឹងទទួល និងការពារយ៉ាងណាដឹងហើយ»។

លោក បន្តថា ដូច្នេះអ្នកដែលបានទៅ រស់នៅអាមេរិកយូរឆ្នាំហើយ ល្មមដឹងពីច្បាប់ទម្លាប់ហើយ ។ លោកថា «មិនគួរខ្មែរមួយចំនួននៅភ្លើទៀត»។

តាមការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី នាថ្ងៃ៧ កុម្ភៈ បានឲ្យដឹងថា «ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំង នឹងវត្តមាន សម្តេចតេជោ នៅពេលអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខ។ ពួកគេអះអាងថា ការធ្វើបាតុកម្មនេះ ដោយសារមិនពេញចិត្តនឹង សម្តេចតេជោ ដែលបំផ្លាញប្រជាធិបតេយ្យ និងឱបក្រសោបចិន ដើម្បីផលប្រយោជន៍គ្រួសារត្រកូលហ៊ុន ដោយមិនគិតគួរពីទុក្ខរបស់ពលរដ្ឋនោះទេ»។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៤ មករា លោក ចូ បៃដិន បានផ្ញើលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍ សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ ហើយនៅថ្ងៃ១ កុម្ភៈ សម្ដេច ក៏បានផ្ញើលិខិតថ្លែងអំណរគុណទៅលោក បៃដិន វិញដែរ បញ្ជាក់ពីការអរគុណ និងការធ្វើដំណើរទៅចូលរួមប្រជុំនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ