រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ហើយយកថវិកាមកអភិរក្សធនធានធម្មជាតិ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ហើយយកថវិកាទាំងនោះមកបង្កើន និងពង្រឹងការងារការពារ ព្រមទាំងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា នេះគឺជាមោទកភាពរបស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជា គឺជាប្រទេសមួយក្នុងទ្វីបអាស៊ី ដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ដោយកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ដង នៃការកំណត់ផែនការយុទ្ធសាស្ត្រ នៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗ ត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឲ្យបាន ១៧% នៃផ្ទៃដី»។
លោក បន្ដថា នៅឆ្នាំ ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣លានហិកតា នៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជាមាន ៨,៥លនហិកតា ស្មើនឹង ៤៦,៨៦%នៃផ្ទៃដីប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារ និងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ ចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ បន្ថែមទៀត ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើន និងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យ ក្នុងការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក»។
សូមរំលឹកថា ការលក់ឥណទានកាបូន ចំនួន ២គម្រោង បានធ្វើឡើងលើកទី១-នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២-គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងដៃគូបាន និងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង ថែមទៀត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ