ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គ្រាន់តែរយៈពេលប្រមាណ ៧ខែកន្លងមកនេះ ក្រុមហ៊ុនអូស្ត្រាលី បានរុករកមាស នៅខេត្តមណ្ឌលគិរី បាន១៧៥១គីឡូក្រាម។
ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិកនាព្រឹកថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «គ្រាន់តែក្នុងរយៈពេល ៧ខែ យើងផលិតមាស បាន១៧៥១គីឡូ ហើយថ្ងៃនេះយើងក៏ផលិតបានទៀត ដែលជាទូទៅយើងផលិតបានពី៨០គីឡូ ទៅ១០០គីឡូ»។
សម្តេច បានអះអាងថា «ការផលិតមាសនៅក្នុងប្រទេសកម្ពុជា បានផលិតកាន់តែច្រើនទៅៗ ដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជារ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ»។
សម្តេច លើកឡើងថា មាសដែលផលិតបាននេះមិនទាន់ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវតែដឹកយកទៅផលិតឲ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី។ ជាមួយគ្នានោះដែរ សម្តេច ក៏បានលើកឡើងថា មាសដែលផលិតបាននោះខ្លះមួយដុំមានទម្ងន់២០គីឡូ ជាង៣០គីឡូ និងខ្លះទៀតជាង១០គីឡូ ដែលត្រូវដឹកទៅចំរាញ់ឲ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី។
សូមរំលឹកថា កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើក ដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ