ភ្នំពេញ  ៖  លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  បានថ្លែងថា  ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន  គឺជាចំណុចអាទិភាព  ដើម្បីចូលរួមទប់ស្កាត់  និងកាត់បន្ថយបទល្មើសធនធានធម្មជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក  នារសៀលថ្ងៃទី៦  ខែកុម្ភៈ  ឆ្នាំ២០២២  លោក នេត្រ ភក្ត្រា បានឲ្យដឹងថា  ទេសចរណ៍ធម្មជាតិជាផ្នែកមួយ  នៃការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតជម្រើសថ្មី មុខរបរថ្មី និងផ្តល់ប្រាក់ចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ។ 

លោក  បញ្ជាក់ថា  «ការអនុវត្តច្បាប់ជាផ្នែកមួយនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តែជម្រើសបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាចំណុចអាទិភាព ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយបទល្មើសធនធានធម្មជាតិ»។

លោក រំលឹកថា កន្លងទៅ ក្រសួងបរិស្ថាន បានបង្កើតសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ទេសចរណ៍ធម្មជាតិ ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់ប្រភេទពូជសត្វ ដើម្បីពលរដ្ឋចិញ្ចឹម និងសកម្មភាពនៃការលើកកម្ពស់ និងជួយរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកថែមទៀតផង។ លោក ចាត់ទុកថា «នេះជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។

 

លោក រដ្ឋលេខាធិការ  បន្ថែមថា  រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈក្រសួងបរិស្ថាន  និងស្ថាប័នពាក់ព័ន្ធ  បាននិងកំពុងបង្កើនល្បឿនលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងអនុវត្តនូវទិសស្លោក «រក្សាឈើឈរ ដើម្បីរកចំណូល» ពីការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ លោកថា  ពលរដ្ឋខ្មែរបានចូលរួមយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយនៃសក្តាបុពលទេសចរណ៍កម្ពុជា។ 

សូមបញ្ជាក់ថា  បច្ចុប្បន្ននេះ កម្ពុជា មានគម្របព្រៃឈើចំនួន ៤៦,៨៦% ស្មើប្រមាណ ៨,៥លានហិកតា ក្នុងនោះផ្ទៃដី ៤១% ស្ថិតក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន  ការពារ  និងអភិរក្សដោយបែងចែកជាតំបន់ការពារធម្មជាតិ  ចំនួន ៧២ រួមមាន  ៖  ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ