តំបន់ការពារធម្មជាតិកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅប្រភេទសត្វជិតផុតពូជ និងរងគ្រោះជាសាកល
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារធម្មជាតិ នៅប្រទេសកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅ នៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «តំបន់ការពារធម្មជាតិនៅកម្ពុជា ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅនៃប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាសាកល ហើយប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត ៖ Rusa unicolor) ត្រូវថតបាននៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ ប្រើសស្បូវរស់នៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង រួមទាំងព្រៃល្បោះ»។
ក្រសួង បន្ដថា ប្រើសស្បូវ ជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ។ នៅលើដងខ្លួន មានរោមពណ៌ប្រផេះស្ទើក្រម៉ៅ និងនៅលើកមានរោមញឹកវែងសណ្ឋានជាប្រែង។ វារកស៊ីនៅពេលព្រលប់ និងពេលរលឹម ហើយសំរាកនៅពេលថ្ងៃតាមព្រៃក្រាស់ៗ។
ក្រសួង បន្ថែមថា ប្រើសស្បូវ ចូលចិត្តស៊ីដីច្រាប ជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ហើយមានជារៀងរាល់ឆ្នាំរដូវកាច់ស្តែង នៅអំឡុងខែកក្កដា-កញ្ញា។ សត្វព្រៃប្រភេទនេះ មានវត្តមាននៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ប្រើសស្បូវជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ