ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រើទឹកដោយសន្សំសំចៃ ទោះជាអាចមាន ភ្លៀងកក់ខែច្រើនក្តី
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា «បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក»។
ក្រសួងធនធានទឹក បានរៀបរាប់អំពី ស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២២ឲ្យដឹងបន្តថា ទី១- បាតុភូតសកល ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពល បាតុភូតឡានីណា La Nina ប្រមាណ ៨៥ ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះ រវាងអែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ ៧០ ភាគរយវិញ ។ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ ១០ ភាគរយ ។
ទី២- រដូវប្រាំង ៖ សីតុណ្ហភាពអាចទាប ជាងមធ្យមភាគច្រើនឆ្នាំ គឺនៅខែកុម្ភៈ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ២១-២៤អង្សាសេ ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតនៅក្នុងរង្វង់ពី ១៨-២១អង្សាសេ។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ ពី២០-២៣អង្សាសេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ