ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ យាងទៅចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

ដូចសព្វដងដែរ ក្នុងឱកាសនៃព្រះអវត្តមានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនេះ រាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ ត្រូវប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន ហើយបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិន ជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងានេះ។

សូមបញ្ជាក់ថា មហាយក្សចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ