មនុស្ស៦នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់
ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំង ធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និង សន្និធិអាវុធខុសច្បាប់។ នេះបើយោងតាមការឲ្យពីស្នងការខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២២ កម្លាំងនគរបាល បានដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាសត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញតាមស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និង ពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ។
បន្ទាប់ពីធ្វើការសួរនាំ បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅចំណុច ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាព ចាប់ឃុំឃាំង,ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង ៣៥,០០០ដុល្លារអាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។
ជនសង្ស័យចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ ។ ២-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ៣-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។
៤-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។៥-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ ។ និង៦-ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ