ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស អំឡុងពេលប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយ ក្នុងពិធីសែនដូនតា។

តាមរយៈសារសំឡេងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានអនុវត្តនូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ជាពិសេសពពួកអូមីក្រុង គឺបានល្អប្រសើរ។ ក៏ប៉ុន្តែ ក៏នៅមានពលរដ្ឋមួយចំនួនទៀត ហាក់ បីដូចជាមានការធ្វេសប្រហែសមិនបានអនុវត្តនូវវិធានការសុខាភិបាលបានត្រឹមត្រូវ ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែឆ្ពោះទៅរកដំ ណើរការនៃសង្គម-សេដ្ឋកិច្ច។  

លោកស្រី បន្ថែមថា ក្រសួងសុខាភិបាលចេញសេចក្តីជូន ដំណឹងជារៀងរាល់ថ្ងៃ អំពីការរកឃើញនូវការចម្លងនៃវីរុសកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុងនេះ ។ ហេតុដូចនេះ ដើម្បីធានាបាននូវនិរន្តរភាព នៃការរស់នៅធម្មតា តាមប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឱ្យបានជានិរន្តរ៍យូរអង្វែងតទៅ លុះត្រាណាតែប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំ ដែលបានប្រកាសក៏ដូចជាដាក់ចេញឱ្យអនុវត្តដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី បញ្ជាក់ថា «ខ្ញុំសូមធ្វើការអំពាវ នាវដ៏ទទូចសូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់នៅក្នុងការថែរក្សាសុខភាពរបស់ខ្លួន ចៀសវាងកុំឱ្យមានការចម្លងនៃវីរុសកូវីដ១៩ ជាពិសេសនៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយ នៅក្នុងពិធីសែនដូនតា ក៏ដូចជា ដំណើរ ដើរកម្សាន្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក៏ដូចជាការចាត់ចែងរៀបចំ ពិធីអ្វីផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ក្ដី ឬក៏ដូចជាពិធីបុណ្យទាន សូមអនុវត្តនូវវិធានការការពារខ្លួននេះឱ្យបានជាប់លាប់»។

លោក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ- ១៩ ដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា នៅតាមទីតាំង មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីពេទ្យជាតិ ដែលបច្ចុប្បន្ននេះកំពុងតែដំណើរការយ៉ាងសកម្ម នៅក្នុងការផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដោយមិនមាន ការរើសអើង ឋានៈអ្វីទាំងអស់ ដើម្បីរក្សាឱ្យបាននូវភាពស៊ាំសហគមន៍ និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញប្រកបដោយសុវត្ថិភាព និងមិនត្រឡប់ថយក្រោយវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ