ភ្នំពេញ៖ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិនិត្យលទ្ធភាព ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ។ នេះបើតាមហ្វេសប៊ុក សម្ដេចតេជោ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែនបានទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម Takahashi Fumaiki ។ 

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ កុម្ភៈនេះ លោក Takahashi Fumaiki បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែង ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។ លើសពីនេះទៅទៀតលោកក៏បាន គោរពដ៏ខ្ពង់ខ្ពស់ស្នើសុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលឯកឧត្តមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ។ 

ជាការឆ្លើយតប បានទទួលស្វាគមន៍  និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំ ទៅដល់លោក សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ។ 

ពាក់ព័ន្ធទៅនឹងការការពារ ទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូនលោក សុខ ចិន្តាសោភាសហការសម្របសម្រួល ជាមួយលោកលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូរបស់លោក Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ