សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា គ្មានពេលបំភ្លេច ៧ មករា ទោះបីធ្វើសង្គ្រាមការពារ ៧មករា ក៏ហ៊ានដែរ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គ្មានពេលណា គណបក្សប្រជាជនកម្ពុជា និងប្រជាជនខ្មែរ បំភ្លេចថ្ងៃ៧ មករា ឡើយ បើទោះបីត្រូវធ្វើសង្គ្រាមដើម្បីការពារ ៧មករា ក៏ហ៊ានធ្វើដែរ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានអ្នកវិភាគមួយចំនួន លើកឡើងថា គណបក្សប្រជាជនកម្ពុជា ផ្អាករៀបចំពិធីខួប ៧មករា ឆ្នាំ២០២២ ហាកបីដូចជា ដកថយពីឥទ្ធិពលរបស់វៀតណាម។
ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ទៅអស់លោកបណ្ឌិតទាំងឡាយ ដែលធ្វើការវិភាគរបៀបនេះ គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧ មករា បំភ្លេចថ្ងៃ៧ មករា នោះទេ អ្នកត្រូវចាំកន្លែងនេះ បើទោះបីជាត្រូវធ្វើសង្គ្រាម ដើម្បីការពារ ៧មករា ក៏ហ៊ានធ្វើដែរ»។
សម្ដេច បន្ដថា គណបក្សប្រជាជនកម្ពុជាមានការចាំបាច់ ដែលត្រូវបញ្ជូនសារទៅកាន់ជនរួមជាតិរបស់ខ្លួន ថា សម័យកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្ន សូម្បីបុណ្យមួយដែលមានការចុះក្នុងប្រតិទិន នៃការឈប់សម្រាក ក៏គណបក្សប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្នក្នុងការរៀបចំ។ សម្ដេច ថា កុំឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយទៅជាចំណុចផ្ទុះនៃកូវីដ-១៩។
សម្ដេច ពន្យល់ថា ដោយសារកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ការរៀបចំពិធីផ្សេងៗ សម្រាប់ ៧មករា វិញ បើប្រារព្ធពិធីតូចវាមិនសម បើត្រូវធ្វើ ក៏ធ្វើឲ្យធំផងដែរ។
សម្ដេច បញ្ជាក់ថា «រឿង៧មករា ទោះបីជាវៀតណាមកជួយ ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា សូមផ្តាំទៅវិញឱ្យយល់ ឱ្យភ្លឺភ្នែក។ ៧មករាគឺជាក្បាលរបស់យើងទាំងអស់គ្នា ក្បាលមនុស្សខ្មែរទាំងអស់គ្នា ទោះបីជាអ្នកឯងមិនស្គាល់ ក៏រឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណាដែលគណបក្សប្រជាជនបោះបង់ចោល៧មករាទេ»។
សូមរំលឹកថា ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ ប្រជាជនកម្ពុជា ក្រោមការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងការចូលរួមជួយដោយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់ទាំងស្រុងនូវ សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ