អគ្គស្នងការដ្ឋាននគរបាលជាតិណែនាំឱ្យមន្ត្រី បង្ការទប់ស្កាត់មិនឱ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងក្មេងទំនើងអុកឡុករំខានថ្ងៃចូលឆ្នាំចិន
ភ្នំពេញ៖ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម និងដើម្បីរួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវសេចក្តីណែនាំមួយដល់ប្រធាននាយកដ្ឋាន អង្គភាពជំនាញនិងស្នងការនគរបាលរាជធានី ខេត្តដើម្បីចូលរួមអនុវត្ត។
នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ចំពោះប្រធាននាយកដ្ឋាន អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវតែយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធនូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឱ្យមានចលាចលក្នុងសង្គម ព្រមទាំងចាត់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមទីវត្តអារាម ព្រះវិហារចិន វៀតណាម កន្លែងប្រារព្ធពិធីសែនព្រេន កន្លែងកម្សាន្តសប្បាយ ដោយធ្វើការបង្ការទប់ស្កាត់មិនឱ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងសកម្មភាពក្មេងទំនើងអុកឡុករំខាន។
នៅក្នុងសេចក្តីណែនាំខាងលើបានបញ្ជាក់បន្ថែមថា ចំពោះបញ្ហាចរាចរណ៍វិញ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ទីកន្លែងនានា ប្រកបដោយក្តីសប្បាយរីករាយនិងសុវត្ថិភាព។ជាងនេះទៀត ត្រូវសហការជាមួយអាជ្ញាធរដែនដីផ្សព្វផ្សាយ រំលឹកដាស់តឿនប្រជាពលរដ្ឋ ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឱ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ និងត្រូវប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ពន្លត់និងសង្គ្រោះឱ្យទាន់ពេលវេលា។
ទន្ទឹមនឹងនេះដែរ ប្រធាននាយកដ្ឋាន អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី ខេត្ត ក៏ត្រូវបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដោយត្រៀមទាំងកម្លាំង មធ្យោបាយ សម្ភារ និងណែនាំនូវការអនុវត្តវិធានការ៣កុំ និង៣ការពារ។ព្រមពេលជាមួយគ្នានេះ ក៏ត្រូវពង្រឹងបន្ថែមនូវយន្តការប្រចាំបញ្ជាគ្រប់ថ្នាក់ និងយន្តការទំនាក់ទំនងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សដើម្បីដោះស្រាយសភាពការណ៍ បញ្ហាស្ទះចរាចរណ៍ ឬហេតុការណ៍ចៃដន្យនានាដែលអាចកើតឡើងជាយថាហេតុ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ