ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានណែនាំក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា បន្តរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នា ផ្ទុយទៅវិញ ត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំណរគុណក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែក ក្នុងការកសាងកម្លាំងយុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឲ្យសម្រេចបាននូវកិច្ចការបំរើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្ដេច បន្ដថា ក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឲ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឲ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឲ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។ សម្ដេច ថា យុវជនត្រូវតែមានការហាត់ពត់លត់ដំទាំងចំណេះដឹង និងសីលធម៌។ 

សម្ដេច បន្ថែមថា ការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដូសខាត់សមត្ថភាពឲ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គ ដើម្បីមានឱកាសទទួលបានបទពិសោធន៍។ សម្ដេច ថា ការសិក្សារៀនសត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែងគឺជាកិច្ចការចំចាប់ដែលត្រូវតែដើរទន្ទឹមគ្នា។

សម្ដេច មានប្រសាសន៍ថា «ក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ បញ្ចូលគឺអាចសំដៅដល់ការរៀបចំឲ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស»។

លើសពីនេះ សម្ដេច ស ខេង បានសង្ឃឹមជឿជាក់ថា ក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឲ្យសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការងារបំរើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ