លោក សុខ ទូច ផ្ដាំទៅខេត្តជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ត្រូវទប់ស្កាត់ពួកអ្នកឆក់ត្រី ព្រោះឆក់មួយយប់រកបាន ១ម៉ឺនដុល្លារ
ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំទៅខេត្តជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបពួកអ្នកឆក់ត្រី ក្នុងបឹងទន្លេសាប ព្រោះថា ក្នុងមួយយប់អ្នកឆក់រកបាន ១ម៉ឺនដុល្លារ។
ការលើកឡើងរបស់ លោក សុខ ទូច ក្រោយពីលោក ចុះសង្កេតមើល និងទប់ស្កាត់ អ្នកកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប បន្ទាប់ពីទទួលបានការអនុញ្ញាត្តពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ភាពតានតឹងរវាង សម្ព័ន្ធណាតូ និងសហព័ន្ធរស្ស៉ី» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក សុខ ទូច បានថ្លែងថា លោក យកជីវិតធ្វើជាដើមទុន នៅក្នុងបឹងទន្លេសាប ខណៈលោក មិនខ្លាចឡើយ ដោយសារលោក បានតាំងចិត្ត មិនមែនធ្វើសម្រាប់ផ្ទាល់ខ្លួនលោកឡើយ គឺសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។
លោក បញ្ជាក់ថា «ផ្ដាំទៅបឹងទន្លេសាប ឲ្យឈប់ឆក់ត្រី មិនមែនខ្ញុំមិនដឹងទេ ហើយខ្ញុំតាមអ្នកឯង នៅពេលខាងមុខ។ ឥឡូវនេះលែងឆក់ដោយសារបុណ្យចូលឆ្នាំចិន ចឹងទៅវិញ ហើយមកវិញឆក់ទៀត ខ្ញុំនឹងតាមថតអ្នកឯង ហើយបង្ហោះតាមទីសាធារណៈ។ ចឹងទេ ខាងជលផល ក៏ដូចចៅហ្វាយខេត្តមួយៗ ត្រូវទប់ពួកអាឆក់ត្រី ឆក់ម៉ាយប់អស់ ១ម៉ឺនដុល្លារ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក»។
លោក សុខ ទូច បានបញ្ជាក់ទៀតថា លោកក៏បានដឹងកន្លែងឆក់ត្រីគ្រប់ទីកន្លែង នៅក្នុងបឹងទន្លេសាប ហើយលោកក៏បានដឹងមុខអ្នកណាអនុញ្ញាត្តមានការឆក់ត្រី ផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ