រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មខ្មែរ សំណូមពរធុរជនរុស្ស៊ី មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យផលិតវ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានសំណូមពរធុរជន និងអ្នកទេសចរណ៍របស់រុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ក្នុងនោះ វិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោកអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នាថ្ងៃទី២៦ មករា លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជាដើម។
លោក បន្ដថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។
លោក បញ្ជាក់ថា «សំណូមពរឲ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម»។
ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ី បានទទួលយកសំណើររបស់ លោកមរដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថា នឹងពាំនាំយកសំណើរបស់កម្ពុជាទៅផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់រុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
លោកអនុរដ្ឋមន្រ្តី បន្ថែមថា រុស្ស៊ី នឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឲ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ