ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម។

ការណែនាំរបស់ លោក វេង សាខុន ធ្វើឡើងស្របពេល សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរកមុខឲ្យឃើញ ចំពោះអ្នកនាំសារធាតុញៀនចូលមកកម្ពុជា ព្រោះថ្មីៗនេះ សមត្ថកិច្ចរកឃើញ សារធាតុញៀនដឹកចូលមកកម្ពុជា ដោយស្របច្បាប់ ជាង១០០តោន ។ ខណៈ សម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំសារធាតុញៀនទាំងនេះ ចូលមកប្រទេសកម្ពុជា។

លោក វេង សាខុន បានណែនាំបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ រៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ក្នុងនោះដែរ លោក វេង សាខុន ក៏បានផ្ដាំផ្ញើឲ្យពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ពូជ ជី ថ្នាំកសិកម្ម គុណភាពដី។ គ្រប់គ្រងធនធានដីកសិកម្ម វាយតម្លៃគុណភាពដី កំណត់តំបន់ដាំដុះ ជំរុញការចុះបញ្ជីពូជដំណាំ និងចងក្រងបញ្ជីប្រភេទពូជដំណាំ ពង្រឹងវិធានការត្រួតពិនិត្យ SPS តាមរយៈការតាមដានវាយតម្លៃ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួត ពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលសមាសភាពចង្រៃ៕EB

E

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ