ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ស្របនឹងស្ពានបាឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧ភាគរយហើយ។ តាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។

គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។

គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥លានដុល្លារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ