ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត បូកសរុបលទ្ធផលការងាររបស់ខ្លួន រួចបញ្ជូនមកក្រសួងមុនដំណាច់ខែមករា ជាកំណត់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ខ្លួនឡើងវិញ រួចហើយបញ្ជូនមកក្រសួងឲ្យបានមុនដំណាច់ខែមករា ឆ្នាំ២០២២ ជាកំណត់។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នាពេលកន្លងមក ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង និងសន្និបាតរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្រសួង បន្ដថា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ប្រទេសកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ព្រមទាំងបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ដែលជាបរិយាកាសដ៏ល្អប្រសើរ ក្នុងកិច្ចដំណើរការសកម្មភាព សេដ្ឋកិច្ច-សង្គម តាមគន្លងប្រក្រតីភាពថ្មីក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្រសួង បញ្ជាក់ថា «ឈរលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់ ខ្លួនឡើងវិញ នៅក្រោយការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ