សម្តេចក្រឡាហោម ស ខេង ៖មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវទទួលការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈមូលដ្ឋានសម្រាប់នគរបាលជាតិយ៉ាងតិច ៤ខែ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា«មន្ត្រីប៉ូលីសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ»។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចក្រឡាហោម បន្ថែមថាកាលពីពេលកន្លងទៅការសិក្សារៀនសូត្រមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាពលើផែនការរយៈពេលមធ្យមបង្កើនដល់៦ខែ ហើយផែនការរយៈពេលវែងអាចឈានទៅដល់៨ខែ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេ ក៏បានលើកឡើងពីចំណុចះសំខាន់ដែលក្រសួងមហាផ្ទៃត្រូវ ពង្រឹងគុណភាពមន្ត្រីដែលមានស្រាប់ និងមន្ត្រីដែលជ្រើសរើសបន្ថែម ដោយមន្ត្រីទាំងអស់ត្រូវតែជានគរបាលជាតិដែលមានសមត្ថភាពពេញលេញ មានសុខភាពល្អប្រសើរ មានឆន្ទៈ មានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។
សម្តេចក្រឡាហោមស ខេងមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងចំណោមមន្ត្រីចំនួន ៩ពាន់តំណែង ក្រសួងបានរកឃើញជាង២ពាន់តំណែងមិនទាន់បានចូលរៀនវិជ្ជាជីវៈជំនាញមូលដ្ឋាននគរបាលជាតិនៅឡើយ ហើយក្នុងនោះមានពីរផ្នែក ដោយមួយផ្នែកមន្ត្រីខ្លះគឺបានផ្ទេរពីអង្គភាពស៊ីវិល និងកងយុទ្ធពលខេមរៈភូមិន្ទ ហើយមួយផ្នែកទៀជាមន្ត្រីនគរបាលជាតិតែម្តង៕ SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ