ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ការកើនឡើង នៃអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជា ១២ លាននាក់ នៅប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី តាមប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា «វិស័យឌីជីថលនៅកម្ពុជា ពិសេសក្នុងបរិការណ៍កូវីដ-១៩ ក្នុងនោះរួមមាន ការកើនឡើង នៃអ្នកប្រើប្រាស់អ៊ីនធឺណិតដល់ប្រមាណ ១២លាននាក់នៅកម្ពុជា ហើយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រមាណ២/៣ នៅកម្ពុជា បាននិងកំពុងអនុវត្តសកម្មភាពឌីជីថល ក្នុងប្រតិបត្តិការរបស់គេ»។ 

លោក បានសង្កត់ធ្ងន់ថា ស្របនឹងកំណើនដ៏គួរឲ្យកត់សម្គាល់នេះ រាជរដ្ឋាភិបាល បានបង្កើតជាបទប្បញ្ញត្តិ និងយន្តការជាច្រើន សំដៅធានាការពារ និងលើកកម្ពស់និរន្តរភាពនៃសេដ្ឋកិច្ច និងសង្គមឌីជីថល រួមមាន ៖ ការដាក់ឲ្យប្រើប្រាស់ច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការទូទាត់ដែលមានកិច្ចធានា ច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ជាដើម។

លោករដ្ឋលេខាធិការ បន្តថា កម្ពុជាក៏គាំទ្រការអនុវត្តនូវគំនិតផ្តួចផ្តើមក្របខណ្ឌតំបន់ពាក់ព័ន្ធនឹងវិស័យឌីជីថល រួមមាន៖ ផែនការមេស្តីពីឌីជីថលក្នុងអាស៊ានឆ្នាំ២០២៥,  ផែនការសកម្មភាពសម្រាប់អនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ផែនទីបង្ហាញផ្លូវបង់ដាសេរីបេហ្កាវ៉ាន់ ដែលទើបតែត្រូវបានអនុម័តកាលពីឆ្នាំ២០២១ ផងដែរ។ 

ទោះជាយ៉ាងណា លោកបានរំលេចពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាជួបប្រទះ ពិសេសកង្វះខាត នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់គាំទ្រសេដ្ឋកិច្ចឌីជីថល កង្វះខាតធនធានមនុស្ស និងភាពនៅមានកម្រិតនៃបទប្បញ្ញត្តិចាំបាច់ ដែលត្រូវការការគាំទ្រពីដៃគូនានា រួមមានពីសឹង្ហបុរីផងដែរ។

ជាការឆ្លើយតប លោក Alvin Tan បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របខ្លួនអនុវត្តសកម្មភាពឌីជីថលបានយ៉ាងច្រើន និងឆាប់រហ័សធៀបនឹងប្រទេសក្នុងតំបន់។ លោក ស្នើកម្ពុជាពិចារណាគាំទ្រការសិក្សារួមគ្នា ស្តីពីការធ្វើអត្តសញ្ញាណធុរកិច្ចរួមមួយសម្រាប់តំបន់អាស៊ាន ដើម្បីធានាសង្គតិភាព នៃការស្តុកទុកព័ត៌មានធុរកិច្ចក្នុងតំបន់នេះ និងគាំទ្រអន្តរប្រតិបត្តិការ (Interoperability) នៃការធ្វើធុរកិច្ចបែបឌីជីថលក្នុងតំបន់ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ