លោក ឃួង ស្រេង ៖ មានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលចុះបំពេញការងារ មិនបានយកចិត្តទុកដាក់ លទ្ធផលការងារគឺស្មើនឹងសូន្យ
ភ្នំពេញ ៖ បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែល ចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ នារសៀលទី១៩មករាឆ្នាំ២០២១នេះ។
លោកបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សទោះបី អ្នកនោះ ចេះដឹងក្នុងកម្រិតណាក៏ដោយ បើពេលទៅបំពេញការងារយើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ។ ដូច្នេះលោកស្នើឲ្យមានការខិតខំប្រឹងប្រែងបំពេញការងារអោយល្អ ប្រសើរ នោះសង្គមជាតិក៏រីកចម្រើនទៅតាមនោះដែរ។
ក្នុងនោះ ការខិតខំបំពេញការងារដោយប្រើចំណេះដឹងរបស់យើងប្រៀបបាននឹងការសំលៀងកាំបិតអញ្ចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹង មកប្រើប្រាស់ទេ ចំណេះដឹងនោះនឹងទទួលរងនូវការរេចរិល។លោកសុំឲ្យប្អូនៗ ជាកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពលរដ្ឋឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមឱ្យបងប្អូន ទាំងអស់មានមហិច្ឆតាខ្ពស់ធ្វើយ៉ាងណាខិតខំរៀនសូត្រថែមទៀតស្របទៅ មហិច្ឆតារបស់សម្ដេចតេជោហ៊ុន សែន គឺចង់ឲ្យប្រទេសកម្ពុជាមាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។
លោកក៏បានស្នើឱ្យបងប្អូន មានការចែករំលែកចំណេះដឹងជូនទៅអ្នករួមការងារ ជាមួយគ្នា សាមគ្គីភាពគ្នា អោយបានល្អប្រសើរ សំដៅធ្វើយ៉ាងណារួមគ្នា កសាងប្រទេសយើងឲ្យបានរីកចម្រើននិងរឹងមាំ។យើងត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគ្រប់កិច្ចការងារក្នុងនាមជាមន្ត្រីរាជការត្រូវតែ នៅកៀកជិត ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ពោលគឺ ពេលដែលបងប្អូនប្រជាពលរដ្ឋត្រូវការគឺយើងអាចជួយពួកគាត់បានទាន់ពេលវេលា៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ