អន្ទាក់ជាង៦ម៉ឺន ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ២០២១ ដែលបានជួយសង្គ្រោះសត្វព្រៃជាច្រើន
ភ្នំពេញ៖ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១,៦១១អន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។ នេះជាបញ្ជាក់របស់លោក នេត្រ ភក្ត្រា ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ។
បរិមាណអន្ទាក់ ដែលបានដោះនៅឆ្នាំ២០២១ កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង ២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២១ ដែលមានចំនួន ៤៣,២៧០អន្ទាក់។ជាមួយនឹងការដោះអន្ទាក់ដ៏ច្រើនបែបនេះត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា វាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។
លោក នេត្រ ភក្ត្រា បានថ្លែងថា អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹម តែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី ទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថាបានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។
លោកបានបន្តថា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែចុះល្បាត ដើម្បីទប់ស្កាត់ បទល្មើសបំផ្លាញធនធាន ធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញព្រមទាំងបំផ្លាញអន្ទាក់ចោល ដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែងនិងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃ ដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បី យកមកថែរក្សា និងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការកើនឡើងនៃកាំភ្លើងកែច្នៃក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ហើយកាំភ្លើងកែច្នៃនេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែប្រដេញក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃដែរ។ ប្រជាជនមួយចំនួនបានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃត្រូវបានថយចុះដោយការប្រមាញ់ និងស្លាប់ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ