ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានសរុប ចំនួន៦៩.២៥លានដុល្លារអាមេរិក ដែលក្នុងនោះ មានអំណោយពីអង្គការភាពជាដៃគូសាកល ដើម្បីការអប់រំ (Global Partnership for Education/GPE) ផងដែរ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឲ្យកាន់តែប្រសើរ នូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឲ្យបានរហ័ស ទៅនឹងវិបត្តិនានាដែលប៉ះពាល់ ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក បានបញ្ជាក់ថា កញ្ចប់មូលនិធិថ្មីនេះ រួមមានទឹកប្រាក់ ចំនួន៦០លាន ដុល្លារអាមេរិក ដែលធនាគារពិភពលោក នឹងផ្តល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និងចំនួន៩.២៥លានដុល្លារអាមេរិកទៀត ដែលជាជំនួយឥតសំណងពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ។
ហិរញ្ញប្បទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណងជួយកម្ពុជា ក្នុងការឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងដូច្នេះថា «កម្ពុជាពិតជាបានសម្រេច សមិទ្ធផលធំៗច្រើន នៅក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបាន ការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និងកុមារមានពិការភាព»។
ជាងនេះទៀត លទ្ធផលនៃការរៀនចេះ របស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំង នៅពេលដែលសាលារៀន ត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាត នៃជំងឺកូវីដ-១៩៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ