ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានថ្លែងថា ការដំឡើងពន្ធថ្នាំជក់ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ហើយការស្ទង់មតិប្រជាពលរដ្ឋធ្វើឡើងដោយសកលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំ២០២១ មានពលរដ្ឋ ៩៤ភាគរយ គាំទ្រវិធានការដំឡើងពន្ធថ្នាក់ជក់។

ក្នុងវេទិកាស្ដីពី វិធានការពន្ធលើផលិតផលថ្នាក់ជក់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក មុំ គង់ បានបញ្ជាក់ថា «ការដំឡើងពន្ធថ្នាំជក់ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។ ការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើងដោយ សកលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំ២០២១ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ៩៤ភាគរយ គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់»។

លោក បន្ដថា ការដំឡើងពន្ធជាយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដែលអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការឈឺ ស្លាប់ ពិការភាពដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូលពន្ធបន្ថែមយ៉ាងច្រើនដល់រដ្ឋាភិបាលផងដែរ។  ប៉ុន្តែ ការសើ្នសុំការដំឡើងពន្ធថ្នាំជក់នេះ តែងជួបប្រទះនូវឧបសគ្គជាច្រើន។

ដោយឡែក លោក ទឹម វរ៉ា នាយកប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព មានប្រសាសន៍ថា «សមាជិក នៃបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាព ច្រើនលើសលប់ សុំឲ្យមានការដំឡើងពន្ធថ្នាំជក់ ដោយសារតែថ្នាំជក់ជាផលិតផល ដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ»។ 

លោក បន្ថែមថា ថ្នាំជក់ជាផលិតផលដែលសម្លាប់ប្រមាណ ៥០% នៃអ្នកដែលប្រើប្រាស់វា។ រៀងរាល់ឆ្នាំ នៅទូទាំងសកលលោក មនុស្សប្រមាណ ៧លាននាក់បានស្លាប់ដោយកាប្រើប្រាស់ថ្នាំជក់ផ្ទាល់ និងប្រមាណ ១លាននាក់ បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ពីគេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់ ផងដែរ។

លោកវេជ្ជ. យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យកម្ពុជាខាតបង់គិតជាថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDP របស់កម្ពុជា។ បើប្រទេសកម្ពុជា ដំឡើងពន្ធរហូតដល់៧៥ភាគរយ នៃតំលៃបារីលក់រាយ ឲ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

លោកស្រី Bungon Ritthiphakdee អ្នកជំនាញអន្តរជាតិ និងជានាយកប្រតិបត្តិ មជ្ឈមណ្ឌលសកលសម្រាប់អភិបាលកិច្ចល្អក្នុងការត្រួតពិនិត្យថ្នាំជក់ បានបញ្ជាក់ថា ក្រុមហ៊ុនថ្នាំជក់បានទទួលស្គាល់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់ដែលនាំឲ្យតំលៃបារីឡើងថ្លៃ គឺមានប្រសិទ្ធភាពកាត់បន្ថយការប្រើប្រាស់ ដូចនេះ ក្រុមហ៊ុនថ្នាំជក់បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់។ ល្បិចកលរបស់ពួកគេ គឺផ្សព្វផ្សាយព៍ត៌មានមិនពិតដែលថា ដំឡងពន្ធថ្នាំជក់ ប៉ះពាល់ដល់អ្នកជក់បារីដែលមានប្រាក់ចំណូលទាប និងនាំទៅរកការគេចពន្ធ។

សូមបញ្ជាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជានៅមានអត្រា២៥ភាគរយ នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង៣១ភាគរយ សម្រាប់បារីនាំចូល  ដែលអត្រានេះនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់ដែលសមរម្យបំផុត ដែលណែនាំអោយ អង្គការសុខភាពពិភពលោក និងធនាគាពិភពលោកគឺ ៧៥ភាគរយ នៃតម្លៃលក់រាយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ