ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលេខាធិការដ្ឋានអាស៊ាន បន្តផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេស រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន ព្រមទាំង រៀបចំជា Showcase Event។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរត័្ន បានគូសបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ព្រមទាំង កិច្ចប្រជុំពាក់ព័ន្ធ ក្នុងអំឡុងចុងខែមីនា ឆ្នំា២០២២ ខាងមុខនេះ។

លោក បញ្ជាក់ថា «ស្នើលេខាធិការដ្ឋានអាស៊ាន បន្តផ្ដល់ការគាំទ្រ និងជ្រោមជ្រែងដល់ដំណើរការជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេស ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន និងការរៀបចំជា Showcase Event មួយ រួមជាមួយស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់ ការអភិវឌ្ឍតំបន់ ប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ទ»។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាស៊ាន បន្តធ្វើកិច្ចសហការលើការរៀបចំខ្លឹមសារនៃកិច្ចប្រជុំ ក៏ដូចជាកិច្ចការរៀបចំផ្សេងៗទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអាស៊ាន បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីឲ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរក សុខ សន្តិភាព និងវិបុលភាពជារួម សំដៅបន្តបេសកកម្មក្នុងការកសាងសហគមន៍អាស៊ាន ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ