ខេត្តកែប៖កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ចំណាយថវិកាជាតិសរុបប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ហើយ កំពង់ផែនេះ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែល ក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួនបានផងដែរ។នេះបើតាមការឱ្យដឹងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននា ១៩ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្ត កែប។

ក្នុងការកសាង ស្តារ និងជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរស្រទាប់ស្តើង ផ្លូវប្របមាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកំសាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។

ទន្ទឹមនឹងនេះលោក រដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុននានានៅក្នុងខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍របស់យើង ជាពិសេសផ្លូវចូល និងសំណង់កំពង់ផែនេះ ដើម្បីប្រើប្រាស់ឱ្យមាននិរន្ដរភាព និងយូរអង្វែង។

បន្ថែមពីលើនេះ សំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ