អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការ វង់ទស្សនាថ្មីនៅប្រាសាទបាយ័នដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរ
សៀមរាប៖លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិ អប្សរា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យ ដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ននេះ គឺក្នុងន័យដើម្បីសម្រួលដល់រំហូរការចូល ទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យមានភាពកកកុញ។ ដោយឱ្យភ្ញៀវចូលមក ទស្សនាតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់ រឿងមិនគ្រប់ជ្រុងជ្រោយ។
លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃ ប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លងមក ទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគម្លាតសុវត្ថិភាពដល់ទេសចរ ខណៈដែល ជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយ។ ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបាន ច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
លោកបន្តថា វង់ទស្សនាថ្មីនេះមានជម្រើសក្នុងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំ នៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១. មានរយៈពេល១ម៉ោងនិង៤៥នាទី, ខ្សែទី២. មានរយៈពេល ៥៥នាទី និងខ្សែទី៣. មានរយៈពេល ៤៥នាទី។
វង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុច ទីតាំងដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុច ពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាម រោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។
លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍បន្ថែមថា កន្លងមកអាជ្ញាធរជាតិ អប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទ អង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យរៀបចំរំហូរវង់ទស្សនា របស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទបុរាណ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ